ក្រុមហ៊ុន ម៉ាកាស់ លែន ដឹកនាំក្រុមពាណិជ្ជករអារ៉ាប់ ចុះសិក្សាលើគុណភាពចេកអំបូងលឿងកម្ពុជា

 


ភ្នំពេញ៖ លោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់​ លែន បានដឹកនាំក្រុមពាណិជ្ជករអារ៉ាប់ ចុះសិក្សាដោយផ្ទាល់នៅចម្ការចេកអំបូងលឿងរបស់កម្ពុជា រួមជាមួយទីតាំងឃ្លាំងប្រមូលផល លាងសម្អាត និងវេចខ្ចប់ ព្រមជាមួយស្តង់ដាផ្សេងៗដែលកម្ពុជាធ្លាប់នាំចេញកន្លងមកទៅបណ្តាលប្រទេសជាច្រើន ពិសេសគឺប្រទេសចិន។

ដំណើរទស្សនៈកិច្ចសិក្សាលើវិស័យកសិផលចេកអំបូងលឿងនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៣ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមវត្តមានដឹកនាំដោយលោកសារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន និងពាណិជ្ជករមកពីបណ្តាប្រទេសអារ៉ាប់ជាច្រើនរូបផងដែរ។

បើតាមលោក សារី អ៊ីសា បានឲ្យដឹងថា តម្រូវការទីផ្សារអារ៉ាប់ទៅលើទិន្នផលចេកអំបូងលឿងក្នុងមួយឆ្នាំអាចក្នុងទំហំ ២៤០ទូ ឬស្មើនឹង ៤៨០០តោន ។

លោកបានបន្ថែមថា ក្រៅពីតម្រូវការកសិផលចេកអំបូងលឿងហើយ ពាណិជ្ជករអារ៉ាប់គ្រោងនឹងសិក្សាលើការនាំចេញកសិផលខ្មែរជាច្រើនទៀតផងដែរដូចជា ខ្នុរ ម្រេច អង្ករ ស្វាយ និងផ្លែឈើសម្ងួតជាច្រើនទៀតផងដែរ។

នៅក្នុងដំណើរទស្សនៈកិច្ចនេះ ពាណិជ្ជករអារ៉ាប់បានធ្វើការកោតសសើរចំពោះការដាំដុះ និងបច្ចេកទេសវេចខ្ចប់នាំចេញរបស់កម្ពុជា ខណៈទឹកដី អាកាសធាតុរបស់កម្ពុជាបានអំណោចផលយ៉ាងខ្លាំងក្នុងវិស័យកសិកម្ម ហើយក្រុមរបស់លោកនឹងពិភាក្សាគ្នាអំពីកិច្ចសហការធ្វើពាណិជ្ជកម្មក្នុងទំហំណាមួយជាមួយកម្ពុជា ពិសេសជាមួយក្រុមហ៊ុនម៉ាកាស់ លែន ព្រោះថាបច្ចុប្បន្នក្រុមហ៊ុនម៉ាកាស់ លែន ក៏បាននឹងកំពុងដាំចេកអំបូងលឿង និងខ្នុរការ៉ុត ហើយកសិផលខ្លះក៏ត្រៀមនឹងប្រមូលផលហើយដែរ។

ជាមួយគ្នានេះ ពាណិជ្ជករអារ៉ាប់បានបញ្ជាក់ថា នាពេលនេះនៅមជ្ឈិបូព៌ាកំពុងផ្តោតលើសុវត្ថិភាពចំណីអាហារ ពិសេសលើការផ្គត់ផ្គង់ការហូបចុកក្នុងស្រុក ស្របពេលសុវត្ថិភាពចំណីអាហារហាក់មានភាពផុយស្រួយ ដោយសារវិបត្តិសកលដោយផ្តើមចេញពីសង្គ្រាមរុស្ស៊ី និងអុយក្រែននេះតែម្តង ដូចនេះកម្ពុជាត្រូវអាចក្លាយជាដៃគូរផ្គត់ផ្គង់មួយចំណែករបស់បណ្តាប្រទេសនៅមជ្ឈិបូព៌ាតែម្តង៕






Post a Comment